ពិរពណ៍សៀវភៅលើកទី៧

0

កាលពីថ្ងៃទី៧ ដល់ទី៩ ខែធ្នូ ២០១៨ ពិរពណ៍សៀវភៅលើកទី៧ បានរៀបចំនៅរាជធានីភ្នំពេញ នៅទីតាំងបណ្ណាល័យជាតិជិតវត្តភ្នំ។ ជារៀងរាល់ឆ្នាំ ខ្ញុំបានទៅចូលរួមទស្សនាការតាំងពិរពណ៍នេះ ជា ពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ហើយខ្ញុំតែងតែនាំកូនរបស់ខ្ញុំទៅចូលរួមពិធីនេះ។ ដោយឡែក លើកនេះកូនរបស់ខ្ញុំ ដែលមានអាយុ១២ និង១១ឆ្នាំ ជាអ្នកបបួលខ្ញុំទៅចូលរួមពិរពណ៍សៀវភៅ។ អ្វី ដែលពិសេសមួយទៀត គឺគាត់បានសុំលុយពីខ្ញុំ ទៅទិញសៀវភៅដែលមានចំណងជើង «កូនទី៦» ហើយ សុំហត្ថលេខាពីអ្នកនិពន្ធ។ នេះ បង្ហាញថា គាត់មានការចាប់អារម្មណ៍ច្រើនលើសៀវភៅ និង ការអានសៀវភៅ។

តាមរយៈការចូលរួមទស្សនាពិរពណ៍សៀវភៅ ខ្ញុំមានចំណាប់អារម្មណ៍សំខាន់មួយចំនួនដូចជា៖

  • ចំនួនអ្នកចូលរួមមានច្រើនលើសលប់ជាងរាល់ឆ្នាំ ដែលចំនួនអ្នកទស្សនាសរុបរយៈពេល៣ថ្ងៃ អាចប្រហែល ១សែននាក់។
  • ចំនួនអ្នកចូលរួមភាគច្រើនបំផុតជាយុវជន និងយុវនារី។
  • មានយុវជន យុវនារីជាច្រើន បានចូលរួមការងាររៀបចំសណ្តាប់ធ្នាប់។
  • ចំនួនសៀវភៅ ដែលដាក់តាំងក៏មានកាន់តែច្រើនដែរ។

ការកើនឡើងនៃការចូលរួមពិរពណ៍សៀវភៅ អាចបង្ហាញថាយុវជនយុវនារីមានការចាប់អារម្មណ៍ច្រើន លើ ការអាន ដែលជាការអភិវឌ្ឍមួយល្អសម្រាប់សង្គមជាតិយើង។ ខ្ញុំជឿជាក់ថា នៅឆ្នាំខាងមុខ ចំនួនអ្នក ចូលរួមក៏កាន់តែច្រើនថែមទៀតដែរ។ ក្នុងករណីនេះ រាជរដ្ឋាភិបាល គួរតែបង្កើនការគាំទ្រតាមរយៈ ការផ្តល់ទីកន្លែងឱ្យបានធំទូលាយជាងនេះថែមទៀត ឧទាហរណ៍ទីតាំងក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងនាមជាពលរដ្ឋម្នាក់ យើងខ្ញុំ នឹងបន្តការចូលរួមការគាំទ្រពិរពណ៍សៀវភៅបន្ថែមទៀត និងបន្ត ចូលរួមចំណែកលើកស្ទួយវប្បធម៌សរសេរ និងអាននៅកម្ពុជាយើង។

Source: http://saingkoma.com

Leave A Reply

Your email address will not be published.