របៀបដាំខ្ទឹមបានចំណូលជិត៣លានក្នុង១ខែលេីផ្ទៃដី១០អារ

អត្ថបទដើម៖ ប៉ែន វណ្ណៈ – «ក្រុមកសិដ្ឋានពន្លកបៃតង – សេដាក»

បទ​ពិសោធន៍ល្អ ក្នុង​ការ​ដាំ​ដំណាំ​ខ្ទឹម​ស្លឹក​ទទួល​បាន​ផល​ខ្ពស់លើដី១០អារ ចំណូលជិត៣លានរៀលក្នុង១ខែ។

លោក ខៀវ​ ធឹម ជា​កសិក​រស់​នៅ ភូមិ​ដូង ឃុំ​ស្រែក្នុង​ ស្រុក​ជុំ​គីរី ខេត្ត​កំពត។ គ្រួសារ​គាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ លើការ​ដាំដំណាំ ធ្វើ​ស្រែ និង​ចិញ្ចឹម​សត្វ។ ហើយ​ការ​ដាំ​ដំណាំរបស់​គាត់​ គឺ​តែង​ទទួលបាន​ជោគ​ជ័យក្នុង​ការ​ដាំ​ខ្ទឹម​ស្លឹក​ទទួល​បាន​​​ទិន្ន​ផល​ខ្ពស់ គុណភាព​ល្អ។ ដូច្នេះ​ ខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍ ក្នុង​ការ​ដាំ​ខ្ទឹម​ស្លឹក មក​បង្ហាញ ជូន​ដូច​ខាង​ក្រោម​ដែល​បទ​ពិសោធន៍នេះ​ជា​ភាពច្នៃប្រឌិត​របស់​គាត់​ក្រោម​ការ​គាំទ្រ​ពីអ្ន​ក​ជំនាញ​ក្រុម​ ពន្លក​បៃតង – សេដាក៖

 

  1. ការ​ជ្រើសរើស​ពូជ

គាត់​បាន​ទិញ​ពូជ​ពី​កសិករ​ផ្សេង​ ដែល​នៅ​ស្រុក​ជាមួយ​គ្នា គឺ​ពូជ​ដែល​គេ​និយម​ដាំ មាន​តម្រូវ​ការ​ទីផ្សារ សមស្របក្នុង​តំបន់ ធន់​នឹង​អាកាសធាតុ និង​ឆាប់​បាន​ផល។

  1. ការ​រៀបចំដីនិងការ​ធ្វើ​រង​ដាំ

បង​ប្រុស​បាន​ ភ្ជួររាស់​ហាល​ដីចំនួន​ ២ដង ដោយ​ភ្ជួរ​រាស់ហាល​ដី​លើកទី​២   បន្ទាប់​ពី​ភ្ជួររាស់​លើកទី១ បាន​រយៈពេល ១សប្ដាហ៍។ បន្ទាប់​មក​គាត់​លើក​រង​ដែល​ទំហំរង ១ម៉ែត x ២៧ម៉ែត្រ កំពស់​ ០,៣ម៉ែត្រ។

  1. ការរៀបចំដាំ

ដំបូង​គាត់​ដាក់​ជី​ទ្រាប់​បាត គឺ​ប្រើ​ជី​កំប៉ុស្ត គោក ១,៥ គីឡូក្រាម ក្នុង​ ១ម៉ែត្រការ៉េ ហើយ​ជ្រុំ​ជី​ជាមួយ​ដីរង​អោយ​បាន​សព្វល្អ​បន្ទាប់​មក​ស្រោច​ទឹក​អោយ​សើម​ និង​ដាក់​ខ្ទឹម​ដាំ។​ ដាំគម្លាតពីគុម្ព ១ ទៅគុម្ព ១ ចំងាយ​ ១,៥តឹក និង​ពីជួរ​ ១ ទៅ ជួរ​ ១ ចំងាយ ២​តឹក។ ក្នុង​ ១ម៉ែត្រ​ការ៉េ អាច​ដាំ​បាន​ជា​មធ្យម ៣០គុម្ព។ គាត់​ដាំរាក់ៗ និង​ដាំ​នៅ​ពេល​ល្ងាចមេឃ​ត្រជាក់ ហើយ​ក្នុង ​១០ម៉ែត្រការ៉េប្រើ​ពូជ​អស់​ ៤គីឡូក្រាម។

  1. ការថែទាំ

បន្ទាប់ពីដាំខ្ទឹម​បាន ១០ ទៅ ១៥ថ្ងៃ ត្រូវ​ធ្វើ​ស្មៅបំផុសដី ថែមជីកំប៉ុស្តគោក ១,៥គីឡូក្រាម​ក្នុង​ ១ម៉ែត្រការ៉េ ថែមទៀត។ ថែម​ជីកំប៉ុស្តរួច​បាន​ ៣ថ្ងៃ ត្រូវប្រើ​ជី​ទឹក​ក្នុង​បរិមាណ ១លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា ១៨លីត្រ ហើយ​ការ​ប្រើ​ជីទឹក​លើក​ទី ២ បន្ទាប់​ពី​ប្រើ​លើកទី​១ បាន ១០ ទៅ ១៥​ថ្ងៃ។ ដោយ​ក្នុង​មួយវដ្ដ ជីវិត​ខ្ទឹម​គាត់​ប្រើ​ជីទឹក​ចំនួន ២ដង។ ចំណែក​ឯការស្រោច​ទឹក​ធម្មតា គឺ​គាត់​ស្រោច​ទឹក​នៅ​ពេល​ព្រឹក​ ពី​ម៉ោង ៧:០០ដល់ ម៉ោង ៩:០០ ព្រឹក។

  1. ការ​ប្រមូល​ផល

នៅពេល​ខ្ទឹម​អាយុ​បាន​ ៣៥ ទៅ ៤០​ថ្ងៃ​គាត់​អាច​ប្រមូល​ផល​បាន​ហើយ។ ហើយ​អាយុ​ខ្ទឹមលើស​ពីនេះ​ក៏អាច​ប្រមូល​បាន​ដែរ គាត់​អាច​លក់​បាន​ ៨០០គីឡូក្រាម ទទួល​បាន​ប្រហែល ៧០០ ដុល្លារ ក្នុង​មួយ​ខែ។

សម្រាប់​រយៈពេល​ប្រមាណ​ជាង ៦ខែ ​ឆ្នាំ ២០១៨ កសិករខៀវ ធឹម មាន​ខ្ទឹម​ស្លឹក​ចំនួន ២០០រង​ ផ្ដល់​ផល​សរុប ៣០០០គីឡូក្រាម ហើយ​ទទួល​បាន​ប្រាក់​សរុប ១០លាន​រៀល ដែល​ប្រហែលនឹង ២៥០០ដុល្លារ ។

សម្រាប់​ឆ្នាំ ២០១៩ គាត់​គ្រោងពង្រីក​អោយ​បាន​ ៣៥០រង និង​រំពង​ថា​បាន​ទិន្នផល​ ១០,០០០គីឡូក្រាម (១០តោន) និង​ទទួល​បាន​ប្រាក់​ចំណូលជាង​ ៣០លាន​រៀល ដែល​ប្រហែល​ជាង​ ៧៥០០ដុល្លារ។

  1. ចំណាប់​អារម្មណ៍របស់​កសិករ

ក្នុង​ការ​ដាំ​ខ្ទឹម​ស្លឹកនេះ យើង​​ត្រូវការ​ថែទាំ ដក​ស្មៅ បំផុសដី ឧស្សាហ៍ស្រោច​ជី​ទឹក ទើបធ្វើ​អោយ​ខ្ទឹម​​លូត​លាស់​បាន​ល្អ ហើយ​ការ​ដាំ​ខ្ទឹម​ស្លឹកនេះ​ ឆាប់​ទទួល​បានផល និង​មាន​តម្លៃថ្លៃ​នៅរដូវ​វស្សា។

  1. សរុប​នូវ​ចំណុច​បច្ចេកទេស​សំខាន់ៗ
    1. រើស​ពូជ​ល្អ​យក​មក​ដាំ
    2. លើក​រង​ឲ្យ​បាន​ខ្ពស់​ល្អ
    3. ប្រើជីកំប៉ុស្តទ្រាប់បាត ១,៥ គីឡូក្រាម​ក្នុង​ ១ ម៉ែត្រក្រឡា
    4. ដាំពេល​ល្ងាច​ហើយ​ដាំ​រាក់ៗ
    5. ដង់ស៊ីតេ​នៃការ​ដាំ ៣០គុម្ព​ ក្នុង​ ១ម៉ែត្រក្រឡា
    6. រយៈពេល ១០ ទៅ ១៥ ថ្ងៃក្រោយដាំ ត្រូវ​ធ្វើ​ស្មៅ​បំផុស​ដី និង​ថែម​ជីកំប៉ុស្ត​ចំនួន ១,៥ គីឡូក្រាម​ក្នុង​ ១ម៉ែត្រក្រឡា
    7. ស្រោច​ជីកំប៉ុស្ត​ទឹក ២ដង ក្នុង​ ១វគ្គ គឺ​រយៈពេល​ ១០ ទៅ ១៥​ថ្ងៃ ប្រើ​ម្ដង។

Source: http://saingkoma.com