សេដាក ទទួលទស្សនកិច្ចសិក្សាអន្តរជាតិពីអង្គការ GRET ភូមា

ចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែមីនា ឆ្នាំ ២០១៤ សេដាក បាននិងកំពុងរៀបចំទទួលទស្សនកិច្ចសិក្សាជា លក្ខណៈអន្តរជាតិមួយសំរាប់មនុស្សចំនួន ២៣នាក់ (ស្រ្តី ៦នាក់) ដែលរួមមាន តំណាងកសិករ និងបុគ្គលិកអង្គការ GRET Delta ប្រទេសភូមា។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចគឺ ដើម្បីរៀន សូត្រនិងផ្សារភ្ជាប់បទពិសោធន៍ស្តីអំពី វិធីសាស្រ្តដែលកសិករខ្មែរអាចរៀបចំខ្លួនរបស់របស់គាត់សំរាប់ សេវាកម្មកសិកម្មផ្សេងៗគ្នា និងដើម្បីបង្កើនការយល់ដឹងនិងទឹកចិត្តអំពីអ្វីដែលពួកគាត់អាចយកទៅ ធ្វើបាននៅឯប្រទេសភូមា។

នៅក្នុងអំឡុងទស្សនកិច្ចសិក្សានេះ ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ បានធ្វើ បទបង្ហាញអំពីការងារ និងសេវកម្មនានាដែលសេដាក បានគាំទ្រទៅដល់គ្រួសារកសិករ ភ្ជាប់ជាមួយ នឹងបទបង្ហាញជាច្រើនផ្សេងទៀតពីបុគ្គលិកសេដាក ស្តីអំពី សមាគមកសិករ ការងារសន្សំប្រាក់ និងសហការណ៍ បណ្តាញកសិករនិងធម្មជាតិ ការផ្សារភ្ជាប់កសិករមកកាន់ទីផ្សារ និងក្រុមអ្នកផលិត ស្រូវសរីរាង្គជាដើម។ល។ លើសពីនេះ អ្នកចូលរួមក៏បានចុះទៅតាមមូលដ្ឋានសហគមន៍កសិករ ដែលបានជួបសួរនាំនិងរៀនសូត្រផ្ទាល់អំពីបទពិសោធន៍សមាគមកសិករ និងក្រុមផលិតកសិករ ការងារសន្សំប្រាក់ដើម្បីភាពអាស្រ័យលើខ្លួនឯង ក្រុមស្រ្តី និងសហគមន៍ម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តតាកែវ និងខេត្តកំពត។

ជាលទ្ធផល អ្នកចូលរួមទាំងអស់បានទទួលនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗជាច្រើនពី កសិករខ្មែរ ហើយពួកគាត់បានប្តេជ្ញាយកទៅអនុវត្តន៍ជាមួយសហគមន៍កសិករប្រទេសភូមា។ លើសពីនេះទៀត ពួកគាត់បានសំដែងនូវសេចក្តីសប្បាយរីករាយ និងចេតនាចង់បន្តការសហការ ជាមួយអង្គការសេដាកនៅពេលអនាគត។