វិស័យកសិកម្ម និងចំណីអាហារសរីរាង្គនៅកម្ពុជា

ការទទួលបានូវចំណីអាហារគ្រប់គ្រាន់សំរាប់បរិភោគ ជាតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប។ ការរីកចំ   រើននៃបចេ្ចកវិទ្យាទំនើប សេដ្ឋកិច្ចទីផ្សារសេរី ដែលផ្សាភ្ជាប់ជាមួយការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ បាននាំមកនូវឱកាសក៏ដូចជាការគំរាមកំហែងថ្មីសំរាប់វិស័យកសិកម្មនិងចំណីអាហារនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ ចាប់ផ្តើមបារម្ភអំពីបញ្ហាគុណភាពចំណីអាហារ ជាពិសេសសុវត្ថិភាពចំណីអាហារ ពីព្រោះអ្នក    ផលិត អ្នកកែច្នៃ និងអ្នកជំនួញ ចាប់ផ្តើមប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាព សំរាប់ការដាំដុះអោយបានផលខ្ពស់ និងទុកដាក់ផលិតផលអោយស្រស់ល្អបានរយៈពេលយូរ។ ម្យ៉ាងវិញទៀត ការហូរចូលនូវផលិតផល មកពីក្រៅប្រទេស ក៏កំពុងគំរាមកំហែងដល់មុខរបរចិញ្ចឹមជីវិតរបស់កសិករខ្មែរ ដោយសមត្ថភាពផលិតរបស់ពួក គាត់សំរាប់លក់មកកាន់ទីផ្សារនៅមានកំរិត។

ចាប់តាំងពីឆ្នាំ ១៩៩៧មក អង្គការសេដាក បានបំពេញការងារច្រើនក្នុងការអភិវឌ្ឍន៍វិស័យចំណីអាហារនៅ កម្ពុជា ជាពិសេសផលិតផលនិងចំណីអាហារសរីរាង្គ ដើម្បីធានាអោយប្រជាពលរដ្ឋខ្មែរគ្រប់រូបមានឱកាសទទួលបាននូវចំណីអាហារប្រកបដោយសុវត្ថិភាព និងកសិករខ្មែរទទួលបានប្រាក់ចំណូលខ្ពស់។ យើងបានបញ្ជូនបុគ្គលិកបច្ចេកទេសទៅបំរើការងារនៅជាង ៥០០០ភូមិទូទាំងប្រទេស ហើយបានគាំទ្រដល់កសិករជាង ១៥០ ០០០គ្រួសារ ដើម្បីបង្កើនសមត្តភាពគាត់ក្នុងការបង្កើនផលិតផលកសិកម្ម។

នៅឆ្នាំ ២០០៤ យើងបានអនុវត្តគំរោងជំនួញសង្គមដោយសាកល្បងធ្វើការបើកផ្សារកសិផលធម្មជាតិ (ឫផ្សារអង្គការសេដាក) ដែលជាកន្លែងលក់ផលិតផលសរីរាង្គទីមួយនៅកម្ពុជា ដើម្បីនាំយកនូវផលិតផលកសិកម្មសរីរាង្គរបស់កសិករដែលគាំទ្រដោយអង្គការសេដាក មកលក់ជូនអ្នកបរិភោគនៅរាជធានីភ្នំពេញ។ ក្នុងរយៈពេល ១០ឆ្នាំ (២០០៤-២០១៤)កន្លងមកនេះ យើងបានធ្វើការពង្រីកទីផ្សារបានកាន់តែធំទូលាយថែមទៀត ដើម្បីបំពេញនូវតំរូវការរបស់អ្នកបរិភោគ។ ការគាំទ្ររបស់អ្នកបរិភោគកន្លងមក បានជួយលើកទឹកចិត្តដល់អង្គការសេដាក និងកសិករក្នុងការពង្រីកនូវការផលិតកសិផលធម្មជាតិកាន់តែច្រើនថែមទៀត។

គិតមកដល់ឆ្នាំ ២០១៤នេះ មានអ្នកបរិភោគប្រមាណជាង ២០០០នាក់ ដែលជាអ្នករស់នៅរាជធានីភ្នំពេញ ជាអ្នកគាំទ្រដល់ផលិតផលកសិផលធម្មជាតិ។ ទន្ទឹមនឹងនេះ ក៏មានកសិករអ្នកផលិត និងសហគមន៍ឃ្មុំព្រៃជាង ២០០០នាក់ បានទទួលផលប្រយោជន៍ពីការផ្គត់ផ្គង់ផលិតផលមកទីផ្សារកសិផលធម្មជាតិ។

អ្នកស្រី ហេង អេង ប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ ដែលជាអតិថិជនគាំទ្រ ផលិតផលផ្សារកសិផលធម្មជាតិមានប្រសាសន៍ថា  អ្នកស្រីជឿជាក់លើគុណភាពផលិតផលរបស់ផ្សារកសិផលធម្មជាតិ និងអោយតម្លៃខ្ពស់លើកសិផលរបស់កសិករខ្មែរ ដែលផលិតតាមគោលការណ៍ធម្មជាតិ ពីព្រោះកសិផលធម្មជាតិផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។

ស្រដៀងគ្នានេះដែរ លោក ឡាំង ថន អាជីវករនៅផ្សារអូរឡាំពិក ដែលនិយមគាំទ្រ ផលិតផលផ្សារកសិផលធម្មជាតិដែរនោះមានប្រសាសន៍ថា  លោកចង់ឃើញកសិករខ្មែរពង្រីកការផលិតកសិផលធម្មជាតិ ជាពិសេសបន្លែសរីរាង្គអោយបានកាន់តែច្រើនថែមទៀត ផ្គត់ផ្គង់មកទីផ្សារ ដោយលោកបញ្ជាក់ថា បច្ចុប្បន្នចំនួនផលិតផលសរីរាង្គនៅផ្សារកសិផលធម្មជាតិនៅមានចំនួនតិចនៅឡើយ ហើយការបន្តហូរចូលនូវផលិតផលចំណីអាហារពីក្រៅប្រទេស កំពុងគំរាមកំហែងយ៉ាងខ្លាំង ដល់សុខភាពអ្នកបរិភោគនិងប្រជាពលរដ្ឋ ។

ក្រុមកសិករអ្នកផលិតបន្លែ និងស្រូវសរីរាង្គ ផ្គត់ផ្គងមកទីផ្សារកសិផលធម្មជាតិ បានសាទរចំពោះការគាំទ្ររបស់អ្នកបរិភោគចំពោះផលិតផលនិងចំណីអាហារសរីរាង្គ ប៉ុន្តែបានសំណូមពរអោយបន្ថែមការគាំទ្រនិងលើកទឹកចិត្តដល់ក្រុមកសិករអ្នកផលិត ដោយជួយអោយតម្លៃកាន់តែខ្ពស់បន្ថែមទៀតដល់ផលិតផលរបស់កសិករ។អ្នកស្រី ទីវ ឆាត កសិករផលិតបន្លែសរីរាង្គ ផ្គត់ផ្គង់មកផ្សារកសិផលធម្មជាតិ រស់នៅភូមិថ្មរៀប ឃុំពង្រ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា “ ដើម្បីអោយចំនួនកសិករអ្នកផលិតបន្លែសរីរាង្គមានចំនួនកើនឡើង និងអាចផលិតបន្លែផ្គត់ផ្គង់មកកាន់ទីផ្សារបានបិរមាណច្រើនថែមទៀតនោះ អ្នកបរិភោគត្រូវតែបន្តគាំទ្រដល់ផលិតផលសរីរាង្គដោយអោយតំលៃខ្ពស់បន្ថែមទៀតចំពោះផលិតផលសរីរាង្គ ដូចជាបន្លៃសរីរាង្គជាដើម ” ។ដូចគ្នាដែរ អ្នកស្រី ញ៉ែម សុវណ្ណារី កសិករផលិតស្រូវសរីរាង្គនៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រសាសន៍ថា “ អ្នកស្រីចង់ឃើញផលិតផលសរីរាង្គរបស់កសិករ លក់បានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត ដើម្បីអោយរូបគាត់ ក៏ដូចជាកសិករជាច្រើនទៀត មានទឹកចិត្តកាន់តែច្រើន បំពេញតាមតំរូវការទីផ្សារ ពីព្រោះអ្នកស្រីបញ្ជាក់ថា ការផលិតផលិតផលសរីរាង្គ ទាមទារអោយកសិករអ្នកផលិត យកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់ពេលវេលាយូរជាងផលិតផលគីមី ក្នុងការទទួលផល ”។លោក ក្លៅយូស ប្រេដឺហូហ្វ (Claudius Bredehöft) អ្នកសម្របសម្រួលថ្នាក់ជាតិគម្រោង ប្រព័ន្ធកសិចំណីអាហារប្រកបដោយនិរន្តរភាពអាស៊ាន (Biocontrol) មានប្រសាសន៍ពន្យល់ថា “ ការបង្កើនការយល់ដឹងអំពី អត្ថប្រយោជន៍របស់ចំណីអាហារសរីរាង្គ និងភាពគ្រោះថ្នាក់របស់ចំណីអាហារគីមី ចំពោះសុខភាពនិងបរិស្ថាន នៅក្នុងចំណោមអ្នកបរិភោគគឺជាកត្តាសំខាន់ និងចាំបាច់មួយ ដែលត្រូវធ្វើច្រើនទៀត ដើម្បីបង្កើនការគាំទ្រទៅដល់ចំណីអាហារ និងផលិតផលសរីរាង្គរបស់កសិករ។ ក្រៅពីនេះ ការបន្តពង្រឹងគុណភាពផលិត ដូចជាប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងទៅដល់ក្រុមកសិករអ្នកផលិត ក៏ជាការចាំបាច់ផងដែរ ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់បន្ថែមទៀតទៅដល់អ្នកបរិភោគ ”។ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ” ការចាប់ដៃគ្នារវាងអ្នកបរិភោគ ដែលគាំទ្រកសិផលធម្មជាតិខ្មែរ និងកសិករអ្នកផលិតកសិផលធម្មជាតិ បាននិងកំពុងក្លាយជាកំលាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនិងចំណីអាហារសរីរាង្គនៅកម្ពុជា ជាពិសេសដើម្បីកសាងសង្គមកម្ពុជាមួយ ដែលទឹកដី ចំណីអាហារ គ្មានជាតិពុលគីមី ”។អង្គការសេដាក សូមធ្វើការវាយតម្លៃខ្ពស់លើការចូលរួមរបស់អ្នកបរិភោគ និងកសិករក្នុងការអភិវឌ្ឍន៍        វិស័យកសិកម្ម និងចំណីអាហារសរីរាង្គនៅកម្ពុជា។ យើងធ្វើការប្តេជ្ញាចិត្ត បន្តបំពេញបេសកកម្មគាំទ្រដល់កសិករ ដើម្បីធ្វើការផលិតផលិតផលសរីរាង្គ និងពង្រីកទីផ្សារកសិផលធម្មជាតិថែមទៀត ដើម្បីអោយអ្នកបរិភោគនិងកសិករខ្មែរ ទទួលផលប្រយោជន៍កាន់តែច្រើនថែមទៀត។